ប្លង់រឹង គឺជាប័ណ្ណ និងវិញ្ញាបនបត្រដែលបញ្ជាក់ អំពីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិលើដីធ្លី ដែលចេញដោយអាជ្ញាធរ ឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត -ក្រុង-រាជធានី ហើយប្លង់រឹងមានចំនួន៥ (ប្រាំ) ប្រភេទ ដូចជា៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប្លង់ស្លាបមាន់(១), វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ (២), ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប្លង់ដាច់ដោយដុំ(៣), វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណកម្មសិទ្ធិរួម (៤), វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប្លង់អិលម៉ែប(L-Map)(៥)។ នៅខាងក្រោមខ្ញុំនឹងបកស្រាយលម្អិតអំពីប្រភេទប្លង់កម្មសិទ្ធិទាំងនោះដូចជា៖
១. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ហៅថាប្លង់ស្លាបមាន់ គឺជាប្លង់បញ្ជាក់ពីសិទ្ធិកាន់កាប់ដែលបាន ផ្ដល់ឲ្យប្រជាពលរដ្ឋដំបូងគេ ក្រោយពីសម័យសង្គ្រាម បន្ទាប់ពីការចេញនូវសេចក្ដីណែនាំអនុវត្ដ លេខ ០៣ សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩ “ស្ដីពីគោលនយោបាយគ្រប់ គ្រង និងប្រើប្រាស់ដីធ្លី”។ ហើយប្លង់នេះចេញឲ្យប្រើប្រាស់នៅចន្លោះឆ្នាំ១៩៨៩ ដល់ ឆ្នាំ១៩៩៣ ដោយអាជ្ញាធរសុរិយោដីរបស់រដ្ឋកម្ពុជា។ ហើយប្លង់នេះផងដែរ គឺនៅមានសុពលភាពអាចកាន់កាប់ ប្រើប្រាស់ ចាត់ចែង លក់ដូរ ផ្ទេរកម្មសិទ្ធិ បានស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
២. វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ។ ប្លង់នេះវាក៏ជាប្លង់បញ្ជាក់ពីសិទ្ធិកាន់កាប់របស់ម្ចាស់ដីធ្លីដែរ ហើយប្លង់នេះភាគច្រើនឃើញចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៩២ ដោយអាជ្ញាធរសុរិយោដីរបស់រដ្ឋកម្ពុជាផងដែរ។ ប្លង់ប្រភេទនេះ មិនសូវ ឃើញមានប្រើប្រាស់ទេ ហើយប្លង់នេះ វាជាប្លង់មួយប្រភេទ ដែលចេញសម្រាប់ដីលំនៅដ្ឋានដែលមានសំណង់នៅពីលើ និងមានច្រើនជាន់។ ហើយប្លង់នេះដែរ វាមានចំណងជើងស្រដៀងគ្នាទៅនឹងប្លង់អិលម៉ែប(L-Map) ដែលវានឹងធ្វើឲ្យមានការច្រឡំគ្នា ប្រសិនយើងមិនបានឃើញរូបភាព ប៉ុន្ដែវាមានលក្ខណៈខុសគ្នាពីប្លង់អិលម៉ែប(L-Map)។ ដោយប្លង់នេះ វាមានទម្រង់ជាប័ណ្ណបញ្ជាក់សិទ្ធិកាន់កាប់តែប៉ុណ្ណោះ។
៣. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ ប្លង់ដាច់ដោយដុំ គឺជាប័ណ្ណបញ្ជាក់ពីសិទ្ធិកាន់កាប់មួយប្រភេទដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ-ក្រុង-រាជធានី។ ប្លង់នេះយើងឃើញភាគច្រើនចេញឲ្យប្រើប្រាស់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន។ ប្លង់រឹងប្រភេទនេះវាកើតចេញពីការសើ្នរសុំធ្វើ ដោយម្ចាស់កម្មសិទ្ធិឯកជនដោយឡែកតែម្នាក់ឯង ដើម្បីយកទៅប្រើប្រាស់តាមគោលបំណងរបស់ខ្លួន។
ហើយសោហ៊ុយក្នុងការធ្វើប្លង់នេះជាបន្ទុករបស់ម្ចាស់កម្មសិទ្ធិឯកជន។
៤. វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណកម្មសិទ្ធិរួម គឺជាប្រភេទប្លង់កម្មសិទ្ធិ ថ្មីមួយដែលទើបចេញឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្លង់កម្មសិទ្ធិនេះ គឺជាប្លង់សម្រាប់បញ្ជាក់ពីសិទ្ធិកម្មសិទ្ធិលើចំណែកឯកជនរបស់អ្នកស្នាក់នៅលើអគារសហកម្មសិទ្ធិ(Condominium)។ ហើយប្លង់នេះ គឺជាទម្រង់ថ្មីមួយនៃកម្មសិទ្ធិហើយអាចអនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាបាន (លើកលែងតែជាន់ផ្ទាល់ដី)។
៥. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប្លង់អិលម៉ែប(L-Map) គឺជាប្លង់កម្មសិទ្ធិពេញលេញ ហើយរឹងមាំជាងប្លង់រឹងផ្សេងទៀតទាំងអស់ និងជាប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្ដ-ក្រុង-រាជធានី ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋទាំងអស់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ហើយប្លង់រឹងនេះ វាជាប្លង់ដែលចេញឲ្យប្រើប្រាស់ចុងក្រោយគេបង្អស់ និងទំនើបជាងគេ។ ថ្មីៗនេះផងដែរ នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មីដែលភ្ជាប់នូវបច្ចេកវិជ្ជា(QR Code) នៅលើសន្លឹកប័ណ្ណជំនួសប្លង់កម្មសិទ្ធិចាស់ទាំងអស់ដែលបានចេញពីមុន។
ជារួមមក ប្លង់រឹងដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន ឃើញថាមានប្រាំប្រភេទ ដែលប្លង់ទាំងអស់នោះនៅមានសុពលភាពអាចប្រើប្រាស់បានជាធម្មតា ។ ចំពោះប្លង់រឹងទាំងបួនប្រភេទ លើកលែងតែវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ចាស់ និងថ្មីចេញ ប្រសិនបើប្លង់ទាំងអស់នោះមិនទាន់ដូរទៅជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មីទេនោះ គឺនៅតែមានសុពលភាពជារៀងរហូត។
No comments:
Post a Comment