ផ្លូវជាតិលេខ៥១ឆ្ងាយពីទីក្រុងបន្តិច តែកំពុងមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ

ផ្លូវជាតិលេខ៥១តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ត្រង់ចំនុចផ្សារឧដុង្គដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅទៅផ្សារថ្នល់ទទឹង)។​
ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផ្លូវជាតិលេខ៥១នេះ កំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់ជាផ្លូវការ នៅឆ្នាំ២០២០ខាងមុខនេះ។

ផ្លូវជាតិលេខ៥១កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យជាពិសេសគឺវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះដោយសារផ្លូវនេះនឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក សន សៀប ជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៥១ មានសក្តានុពលខ្លាំងសម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន។
លោក សៀប បានពន្យល់ថាតំបន់នេះជាតំបន់ខ្ពង់រាប​មិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗមានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹងនិងស្ថិតនៅជាប់នឹងតំបន់វិនិយោគថ្មីនៃខណ្ឌព្រែកព្នៅដែលចំណុចទាំងនេះបានអំណោយផលសម្រាប់តំបន់ទាំងមូល។
“មានវិនិយោគិនជាច្រើនកំពុងសម្លឹងមើលពីសក្តានុពលនៃទីតាំង និងចាប់ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំសម្រាប់ការវិនិយោគនាពេលអនាគត។” នេះបើតាមលោក សៀប។


បន្ថែមលើចំណុចនេះដែរ លោក ម៉ៃ សាមន ប្រធានផ្នែកប្រឹក្សាយោបល់ និងស្រាវជ្រាវអចលនវត្ថុ នៃក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបានឲ្យដឹងថាផ្លូវជាតិលេខ៥១មានសក្តានុពលសេដ្ឋកិច្ចដោយសារតំបន់នេះសំបូររោង ចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាននិងការអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង។
លោកបន្ថែមថានៅតាមបណ្តោផ្លូវលេខ៥១នេះមានរោងចក្រជាង៥០កន្លែងកំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀត។
ទាក់ទងនឹងតម្លៃដីធ្លីនៅតាមដងផ្លូវក្នុងតំបន់នេះវិញ លោក សាមន មានបញ្ជាក់ថាតម្លៃដីកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ដីឡូតិ៍មាន ទំហំ ៥ម x ២០ម មានតម្លៃចាប់ពី ២០,០០០ដុល្លារ រហូតដល់ជិត ៤០,០០០ដុល្លារ។
សម្រាប់ដីឆៅ(ដីមិនមានការអភិវឌ្ឍន៍ មានក្បាលពី ២០ ទៅ ៣០ ម៉ែត្រការ៉េ) មានតម្លៃពី៦០ ដុល្លារ ទៅ ១០០ ដុល្លារ/ម៉ែត្រការ៉េ បើធៀបនឹងមួយឆ្នាំមុន​ មានតម្លៃពី ៣០ ដុល្លារ ទៅ ៥០ដុល្លារ/ម៉ែត្រការ៉េ។
ដីដែលមានទំហំធំចាប់ពីមួយហិចតាឡើងទៅមានតម្លៃ ៣០ ដុល្លារ ទៅ ៤០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ/ម៉ែត្រការ៉េ។ នេះបើតាមការលើកឡើងរបស់លោក សាមន។
លោកជឿថាតម្លៃដីនឹងហក់ឡើងខ្លាំងបន្ទាប់ពីការស្ថាបនាផ្លូវជាតិលេខ ៥១ បានបញ្ចប់រួចរាល់៕

ប្រភព៖ https://www.realestate.com.kh/km/news/National-Road-51-showing-potential-for-investor/

No comments:

Post a Comment